សូមស្វាគមន៏ ដែលបានចូលមកកាន់គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនលោកអ្នក សូមទំនាក់ទំនងលេខ ☎070499992-070772676 សូមអរគុណ។

បើអត់ដើមទុនរកស៊ី សូមអានបទពិសោធន៍ប្រមូលទុនពីមហាសេដ្ឋីពាន់លានដុល្លារទាំង ៣ រូប

ការចាប់ផ្តើមធ្វើអាជីវកម្មដោយគ្មានដើមទុន​ ឬប្រើដើមទុនតិចបំផុត មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក៏មិនមែនមាន​ន័យ​ថាពិបាករហូតគ្មានវិធីដោះស្រាយនោះដែរ សំខាន់អ្នកត្រូវជឿជាក់ទៅលើខ្លួនឯង។

ដូចនេះសូមអ្នកទាំងអស់គ្នាអានពីការណែនាំសហគ្រិនដ៏ជោគជ័យបំផុតបីរូប ចាប់ផ្តើមអាជីវកម្មដំបូងដោយគ្មានដើមទុនសោះ និងមានដើមទុនតិចបំផុត៖

១) តិចនិករកដើមទុនរបស់មហាសេដ្ឋី Bill Gates

លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft បានចាប់ផ្តើមមុខជំនួញរបស់គាត់ដោយចាយលុយតិចបំផុត ពីព្រោះពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន Microsoft ដំបូង រូបគាត់គ្មានលុយទេ មានតែចំណេះដឹងដែលគាត់មានដើម្បីជាទុនដំណើរការអាជីវកម្មប៉ុណ្ណោះ។ វិធីសាស្រ្តដ៏អស្ចារ្យបំផុតរបស់លោក ដើម្បីស្វែងរកដើមទុនចាប់ផ្តើមគម្រោងផលិតកុំព្យូទ័រគឺប្រើ វិធីសាស្រ្តលក់គម្រោងយកលុយមុន

នៅពេលកុំព្យូរទ័រចាប់ផ្តើមមានការរីកចម្រើន លោក Bill Gates បានចេញលក់កម្មវិធី Software សម្រាប់កុំព្យូរទ័រទៅឲ្យក្រុមហ៊ុនកុំព្យូទ័រជាច្រើន ដោយការចុះកិច្ចសន្យា លក់យកលុយមុន។ ដោយសារគាត់អាចប្រមូលយកលុយបានមុន ដូច្នេះហើយធ្វើឲ្យលោកមានលទ្ធភាពប្រើទុនទាំងនោះដើម្បីជួលបុគ្គលិកច្រើននាក់ ដើម្បីចូលរួមការងារជាមួយលោកផលិតកម្មវិធីកុំព្យូទ័រដែលមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ ដូចជា Ms. Words, Excel និង PowerPoint ជាដើម។ ផលិតផលក្រុមហ៊ុន​Microsoft របស់ Bill Gates ចាប់ផ្តើមមានការពេញនិយមធ្វើឲ្យលោកអាចរកចំណូលកាន់តែច្រើន គឺច្រើនជាងការលក់សេវាកម្មផលិតកម្មវិធីឲ្យក្រុមហ៊ុនផលិតកុំព្យូទ័ររបស់ HP និង IBM ទៅទៀត។

២) តិចនិករកដើមទុនរបស់មហាសេដ្ឋី Mark Zuckerberg

មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ជាស្ថាបនិក Facebook ចាប់ផ្តើមបង្កើតកម្មវិធីទំនាក់ទំនងបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះឡើង ស្ទើរតែគ្មានដើមទុនសោះឡើយក្រៅពីកុំព្យូទ័រផ្ទាល់ខ្លួនរបស់លោកមួយគ្រឿងប៉ុណ្ណោះ។ ទើបតែរយៈពេល៥ខែប៉ុណ្ណោះ បន្ទាប់ពីបង្កើតកម្មវិធី Facebook នេះឡើង លោក Zuckerberg អាចរកដើមទុនពង្រីកអាជីវកម្មរហូតដល់ទៅ កន្លះលានដុល្លារ ដោយលុយទាំងនោះត្រូវបានវិនិយោគពីលោក Peter Thiel ដែលជាវិនិយោគិនខាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីលោក Zuckerberg បានទទួលទុនវិនិយោគលើកទី១ពីលោក Peter នៅពេលនោះគេឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មានមិនដល់មួយលាននាក់ផង ប៉ុន្តែមកដល់ម៉ោងនេះ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះមានរហូតជាង២ពាន់លាននាក់ទៅហើយ។ អ្វីដែលជាចំនុចពិសេសរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ក្នុងការរកដើមទុនពង្រីកអាជីវកម្មរបស់ខ្លួននោះគឺ ការលក់សេចក្តីសង្ឃឹមដល់អ្នកវិនិយោគិនទាំងនោះ ឲ្យឃើញពីសក្តានុពលផលិតផលអស្ចារ្យរបស់លោកនោះគឺ Facebook។

៣) តិចនិករកដើមទុនរបស់មហាសេដ្ឋី Steve Jobs

ស្ថាបនិកក្រុមហ៊ុន Apple ដ៏ល្បីល្បាញរបស់ពិភពលោកគឺលោក Steve Jobs បានចាប់ផ្តើមអាជីវកម្មដោយមានដើមទុន​តែ១ពាន់ដុល្លារប៉ុណ្ណោះនាពេលនោះ ដែលប្រាក់ដ៏តិចតួចនេះលោកបានមកពីការសម្រេចចិត្តលក់ឡានដែលគាត់ស្រលាញ់ក្នុងតម្លៃ១ពាន់ដុល្លារ ដើម្បីយកមកសាងក្តីស្រមៃរបស់លោក។

អាជីវកម្មដំបូងរបស់លោក Steve Jobs គឺយកឃ្លាំងនៅបរិវេនផ្ទះរបស់ឪពុកលោកធ្វើជារោងជាងដើម្បីដំឡើងកុំព្យូទ័រ។ ចេញពីដើមទុនតិចតួចដើម្បីចាប់ផ្តើមអាជីវកម្ម លោកបានលក់កុំព្យូទ័រដែលលោកបានផលិតឡើងនោះ ទោះបីវាមិនបានកម្រៃច្រើនមែនតែវាជាចំនុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ខ្លួនលោក។ មិនបានប៉ុន្មានលោកបានទាក់ទាញវិនិយោគិនម្នាក់ទៀតឲ្យព្រមបោះទុនចំនួន ២៥មុឺនដុល្លារ ដែលធ្វើលោក Steve Jobs មានទុនបន្ថែមដើម្បីដំណើរការផលិតកុំព្យូទ័រកាន់តែមានការវិវឌ្ឍន៍ឡើង។

យើងឃើញថាជោគជ័យបន្តបន្ទាប់របស់លោក Steve Jobs គឺចាប់ផ្តើមពីដើមទុនតែ១ពាន់ដុល្លារប៉ុណ្ណោះ រហូតក្លាយជាក្រុមហ៊ុនយកនាំមុខគេខាងបច្ចេកវិទ្យា គិតត្រឹមដើមឆ្នាំ២០១៧នេះទុនរបស់ក្រុមហ៊ុន Apple មានរហូតទៅដល់ ៧៣៧ពាន់លានដុល្លារ។

សរុបមក យើងឃើញថាមហាសេដ្ឋីទាំងបីរូប ចាប់ផ្តើមអាជីវកម្មដោយគ្មានដើមទុន និងដើមទុនតិចតួចបំផុតរហូតសាងក្រុមហ៊ុនយក្សធំៗនាពេលបច្ចុប្បន្ន ដោយបានប្រើវិធីសាស្រ្តផ្សេងៗគ្នាដ៏មានប្រសិទ្ធភាពបំផុតដើម្បីប្រមូលបានដើមទុនចាប់ផ្តើមអាជីវកម្មរ ដូច្នេះសហគ្រិនថ្មីថ្មោង ឬអ្នកដែលចង់ចេញរកស៊ីកុំគិតថាខ្លួនឯងគ្មានដើមទុន មិនអាចចាប់ផ្តើមអាជីវកម្មបាន សូមយកគំរូរបស់មហាសេដ្ឋីទាំងបីរូបខាងលើក្នុងការចាប់ផ្តើមអាជីវកម្ម៕

 

ដកស្រង់ដោយ៖ VJ Seth

ប្រភព៖ business-cambodia

អត្ថបទទាក់ទង

Facebook Comment

ចុចLikeគាំទ្រផេក CamboNote

អត្ថបទពេញនិយម

ចំនួនអ្នកចូលមើល